លោកជំទាវ ឆាំ ម៉ារី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ពាក់ព័ន្ធនឹងកម្មវិធីគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះ ដែលជនជាប់ឃុំ

រាជធានីភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជំទាវ ឆាំ ម៉ារី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានទទួលជួប ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពិភាក្សាការងារ ក៏ដូចជាស្វែងរកមតិយោបល់បន្ថែមក្នុងគោលដៅទទួលបានធាតុចូលគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការរៀបចំក្របខណ្ឌគោលនយោបាយគ្រប់គ្រង ជនអនាថានៅកម្ពុជា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងដើម្បីគិតគូរ ឱ្យបានហ្មត់ចត់លើការផ្តល់អត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ឆ្នាំ ដល់ស្ត្រីមានផ្ទៃពោះជាជនជាប់ឃុំក្នុងពន្ធនាគារ ស្របតាមសន្ធិសញ្ញាសិទ្ធិមនុស្ស។
កិច្ចជំនួបនេះធ្វើឡើង នៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕ 








