ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR-អាយឆា)

កូឡាឡាំពួ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) លោកជំទាវ អ៊ុច និពន្ធ អនុប្រធាន គ.ស.ម.ក. និងជាតំណាងរងកម្ពុជាប្រចាំអាយឆា បានចូលរួមក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៥៨ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តីការបទេសអាស៊ានខាងលើ លោកជំទាវ អ៊ុច និពន្ធ បានលើកឡើងថា ការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានមិនអាចធានាបានឡើយ ប្រសិនបើគ្មានសន្តិភាព។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការអនុវត្ត ការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន រដ្ឋសមាជិកអាស៊ានបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការរួបរួមរស់នៅក្នុងតំបន់ប្រកបដោយសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព វិបុលភាពរួមគ្នានិងវឌ្ឍនភាពសង្គម ក៏ដូចជាការគោរពគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី រួមជាមួយនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ កម្ពុជាយល់យ៉ាងស៊ីជម្រៅអំពីតម្លៃនៃសន្តិភាព ហើយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាសន្តិភាព និងលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី ដើម្បីជៀសវាងការប្រើកម្លាំងដែលបង្កើតជាការរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងគាំទ្រយ៉ាងមុតមាំចំពោះដំណោះស្រាយដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ដើម្បីធានាថាប្រជាជនអាស៊ានរស់នៅក្នុងបរិយាកាសសន្តិភាព វិបុលភាព និងសុខដុមរមនា ជាមួយនឹងគោលបំណងរួម និងជោគវាសនារួម៕