លោកជំទាវ ឡុង សូនីតា៖ “កម្ពុជា មិនមានការដាក់ទោសលើអ្នកដែលមាននិន្នាការស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់និងគោលនយោបាយជាតិបានធានាសិទ្ធិ សមភាព និងការការពារពីអំពើហិង្សា និងការរើសអើង សម្រាប់មនុស្សគ្រប់រូប”
លោកជំទាវ ឡុង សូនីតា៖ “កម្ពុជា មិនមានការដាក់ទោសលើអ្នកដែលមាននិន្នាការស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់និងគោលនយោបាយជាតិបានធានាសិទ្ធិ សមភាព និងការការពារពីអំពើហិង្សា និងការរើសអើង សម្រាប់មនុស្សគ្រប់រូប”
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី រៀបចំវេទិកា ស្តីពី “បរិយាបន្ន សមភាព និងការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា៖ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធរវាងកម្ពុជា និងអូស្ត្រាលី” ក្រោមអធិបតីភាពលោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរាជទូតរង នៃស្ថានទូតអូស្រ្តាលីប្រចំាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងនៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អង្គទូត អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល សរុបប្រមាណជាង ១០០នាក់ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់អែនមូន រីវើសាយ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង (១) បញ្ជ្រាបការយល់ដឹងអំពីតម្រូវការរបស់អ្នកស្រឡាញ់ភេទដូចគ្នា ការអនុវត្តល្អៗ សម្រាប់ធានាសមភាព និងបរិយាបន្នចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមនៃសមភាព (២) ពង្រឹងការចែករំលែកចំណេះដឹងរវាងកម្ពុជា និង អូស្ត្រាលី ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញអនុសាសន៍ UPR ស្តីពីសមភាពចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដែលបានទទួលយកនៅឆ្នាំ ២០២៤ និង (៣) លើកកម្ពស់ការប្តេជ្ញាចិត្តក្នុងការតស៊ូមតិដើម្បីប្រឆាំងនឹងការរើសអើង ក៏ដូចជាសមភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
នៅក្នុងពិធីបើកវេទិកានេះ លោកជំទាវ ឡុង សូនីតា បានថ្លែងថា ការរៀបចំកម្មវិធីនេះ គឺបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គោលការណ៍សមភាព និងការមិនរើសអើងចំពោះមនុស្សគ្រប់រូប។ កម្ពុជា មិនមានការដាក់ទោសលើអ្នកដែលមាននិន្នាការស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់និងគោលនយោបាយជាតិបានធានាសិទ្ធិ សមភាព និងការការពារពីអំពើហិង្សា និងការរើសអើង។ ម្យ៉ាងទៀតវេទិកានេះក៏បានជំរុញការពិភាក្សា ការចែករំលែកបទពិសោធន៍ និងការសិក្សាពីគោលនយោបាយល្អៗពីដៃគូអន្តរជាតិ ដូចជា អូស្ត្រាលី ដើម្បីបន្តលើកកម្ពស់ការយល់ដឹង និងការរួមបញ្ចូលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងសង្គម។
ទន្ទឹមនេះ វេទិកានេះក៏បានផ្តលឱកាសសម្រាប់ការធ្វើបទបង្ហាញស្តីពីការបោះជំហ៊ានរបស់កម្ពុជាក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងការកសាងសង្គមដែលមានបរិយាបន្ន និងសមភាពសម្រាប់មនុស្សគ្រប់រូប ព្រមទាំងការចែករំលែកបទពិសោធពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ៕







