ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសំណេះសំណាលជាមួយបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសំណេះសំណាលជាមួយបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសំណេះសំណាលជាមួយបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥
ស្រុកគាស់ក្រឡ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគាស់ក្រឡ ព្រមទាំង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាស្រុកគាស់ក្រឡ។
ឯកឧត្តម បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំល្អបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍរបស់ប្រទេស។ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ គោលនយោបាយ និងយុទ្ធសាស្រ្តនានា សំដៅធ្វើកាអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពខ្ពស់ ក្រមសីលធម៌ និងមានសុខភាពល្អ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ផ្ដើមចេញពីកត្តាសុខសន្តិភាពពេញលេញ យើងអាចមើលឃើញនូវការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា តាមរយៈការបង្កើតឱ្យមានវិទ្យាល័យនៅគ្រប់ស្រុក និងមានសាលារៀននៅគ្រប់ឃុំទូទាំងប្រទេស ដែលបានជួយសម្រួលដល់សិស្សនៅតាមជនបទឆ្ងាយ ជាពិសេសសិស្សស្រី អាចមានឱកាសបានចូលរៀនគ្រប់ៗគ្នា ហើយក៏មានអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីនៅតំបន់ខ្លះ និងការអភិវឌ្ឍកម្មវិធីសិក្សាតាមស្តង់ដាទំនើប។ បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញគោលដៅនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនដល់យុវជនចំនួន ១.៥លាននាក់ មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល សំដៅនូវធនធានមនុស្សដែលមានសមត្ថភាពជំនាញពិតប្រាកដ សម្រាប់តម្រូវតាមទីផ្សារការងារជាក់ស្ដែង។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ ឆ្នាំសិក្សា២០២៤-២០២៥ថ្មីៗនេះ ស្រុកគាស់ក្រឡ មានបេក្ខជនប្រឡងសរុប ចំនួន ១៩៨នាក់ (ស្រី ១០៨នាក់) បានប្រឡងជាប់ចំនួន ១៦២ នាក់ ស្មើនឹង ៨០% ក្នុងនោះសិស្សស្រី ៩៤នាក់ ស្មើនឹង ៨៧,០៣%។ អ្នកជាប់និទ្ទេស A មានចំនួន ១នាក់(ប្រុស), និទ្ទេស B ចំនួន ៤នាក់ (ស្រី ១នាក់), និទ្ទេស C ចំនួន ៤០នាក់ (ស្រី ២៥នាក់), និទ្ទេស D ចំនួន ៧១នាក់ (ស្រី ៥១នាក់), និងនិទ្ទេស E ចំនួន ៤៦នាក់ (ស្រី ១៧នាក់)។
ជាចុងក្រោយឯកឧត្តម បានណែនាំសិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំរៀនសូត្របន្ថែម ដើម្បីបន្តចូលមហាវិទ្យាល័យ ផ្សេងៗ ឈានទៅក្លាយជាធនធានមនុស្សល្អនៅក្នុងសង្គមជាតិ៕

អត្ថបទទាក់ទង