ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. ចូលរួមធ្វើបទបង្ហាញក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ស្ដីពី សមិទ្ធផល និងក្របខ័ណ្ឌការងារអភិវឌ្ឍជនជាតិដើមភាគតិច ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥

ភ្នំពេញ៖ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមធ្វើបទបង្ហាញក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ស្ដីពី សមិទ្ធផល និងក្របខ័ណ្ឌការងារអភិវឌ្ឍជនជាតិដើមភាគតិចឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ រៀបចំដោយ អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពនូវសមិទ្ធផល និងក្របខ័ណ្ឌការងារអភិវឌ្ឍជនជាតិដើមភាគតិចឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមនឹងភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការជនជាតិដើមភាគតិច និងដើម្បីពិភាក្សា និងលើកទិសដៅសហការរវាងភាគីពាក់ព័ន្ធ ស្របតាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម វ៉ាន ដាណា បានមានប្រសាសន៍ថា ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច និងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច នៅព្រះរាជាណាចក្រកម្ពុជា សិទ្ធិជនជាតិដើមភាគតិច ជាពិសេស សិទ្ធិពលរដ្ឋ និងនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ សិទ្ធិទទួលបានការអភិវឌ្ឍដោយគោរពតាមគោលការណ៍អភិរក្ស សិទ្ធិខាងជំនឿសាសនានិងវប្បធម៌ សិទ្ធិលើកម្មសិទ្ធិដីធ្លី សិទ្ធិជ្រើសរើសមុខរបរចិញ្ចឹមជីវិត សិទ្ធិសុខភាព សិទ្ធិទទួលបានការអប់រំ សិទ្ធិខាងភាសា សិទ្ធិទទួលបានព័ត៌មាន និងសមភាពយេនឌ័រ ត្រូវបានជ្រោមជ្រែង និងលើកកម្ពស់ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ការចូលរួមរបស់បងប្អូនជនជាតិដើមភាគតិច ពិតជាមានសារៈសំខាន់ណាស់ក្នុងកិច្ចអភិវឌ្ឍជាតិ។ បងប្អូនជនជាតិដើមភាគតិចមាន សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ ព្រះរាជាណាចក្រកម្ពុជាតែងតែគោរព ការពារ និងលើកកម្ពស់ សិទ្ធិជនជាតិដើមភាគតិច និងធានានូវការចូលរួមពេញលេញរបស់ពួកគេក្នុងកិច្ចអភិវឌ្ឍជាតិ។
ជាចុងក្រោយ ឯកឧត្តម វ៉ាន ដាណា បានអំពាវនាវ សូមបន្តនូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល សហគមន៍ជនជាតិដើមភាគតិច សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងដៃគូអន្តរជាតិ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនជាតិដើមភាគតិច៕





