គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ។
===================
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ នៅសាលប្រជុំ គ.ស.ម.ក. ក្រោមអធិបតីភាពឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធាន គ.ស.ម.ក. និងលោក អាណាន់ ចន្ទ ប្រធានផ្នែកបង្ការនៃ OHCHR។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា ពង្រឹងការយល់ដឹងក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធអំពីតម្រូវការនៃការអនុវត្តអនុសាសន៍និងការចូលរួមរបស់កម្ពុជាក្នុងដំណើរការ UPR ជំរុញកិច្ចសហការអន្តរក្រសួងនិងភាពជាម្ចាស់ការនៃដំណើរការអនុវត្តអនុសាសន៍ ព្រមទាំងដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម អ៊ិត រ៉ាឌី បានមានប្រសាសន៍ថា វត្តមានរបស់សមាជិកសមាជិកានៃកិច្ចប្រជុំនាពេលនេះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់ក្រសួង ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ កាតព្វកិច្ចសិទ្ធិមនុស្ស គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុសត្រូវនិងពង្រឹងភាពជាម្ចាស់ការរបស់ខ្លួនក្នុងការអនុវត្តសាសន៍ទៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន។ UPR ជាយន្ដការតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលផ្ដល់ជាវេទិកាមួយសម្រាប់ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស ដោយរដ្ឋសមាជិកផ្សេងៗទៀត នៅចន្លោះបួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង។ សម្រាប់កម្ពុជា បានចូលរួមជាមួយយន្ដការនេះចំនួនបួនជុំរួចមកហើយ គឺជុំទី១ ឆ្នាំ២០០៩ ជុំទី២ ឆ្នាំ២០១៤ ជុំទី៣ ឆ្នាំ២០១៩ និងជុំទី៤ ឆ្នាំ២០២៤។
ឯកឧត្តមបានបន្ថែមថា សម្រាប់ការពិនិត្យរបាយការណ៍ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន ១០០ បានចូលរួមនិងផ្ដល់អនុសាសន៍សរុបចំនួន ២៧៥ ដែលក្នុងនោះ កម្ពុជាបានសម្រេចទទួលយកចំនួន ២៣២ និងកត់សម្គាល់ចំនួន ៤៣អនុសាសន៍។ ការស្ម័គ្រចិត្តទទួលយកអនុសាសន៍ដ៏ច្រើនលើសលប់របស់កម្ពុជា ប្រមាណជាជាង ៨៤% មកអនុវត្តនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងប្រត្យក្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដអភិវឌ្ឍវិស័យសិទ្ធិមនុស្សឱ្យកានតែល្អប្រសើរឡើងថែមទៀតដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនទូទៅ ហើយការទទួលយកនេះ ក៏ត្រូវបានសាទរនិងកោតសរសើរពីគ្រប់មជ្ឈដ្ឋានទាំងជាតិនិងអន្តរជាតិ។ ការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ និងរបាយការណ៍ជុំបន្ទាប់ទៀត មានគោលបំណងដើម្បីជាការតាមដានការអនុវត្តអនុសាសន៍ផង និងជាឱកាសបង្ហាញនូវសមិទ្ធផលដែលកើតចេញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យសិទ្ធិមនុស្សដល់សហគមន៍ជាតិនិងអន្តរជាតិផងដែរ។
ក្នុងកិច្ចប្រជុំកិច្ចនេះ មានការធ្វើបទបង្ហាញដោយតំណាង OHCHR និង គ.ស.ម.ក. ស្ដីអំពីដំណើរការ UPR និងការអនុវត្តល្អៗ ព្រមទាំងទិដ្ឋភាពទូទៅនៃអនុសាសន៍ UPR ដែលកម្ពុជាបានទទួលយក និងផែនការក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ។ បទបង្ហាញទាំងនេះ បានធ្វើឱ្យអ្នកចូលរួមមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីដំណើរការ និងសារៈសំខាន់នៃការដាក់របាយការណ៍ UPR ជូនអង្គការសហប្រជាជាតិ។ នៅក្នុងនោះ ក៏មានការជជែកពិភាក្សាយ៉ាងផុលផុស និងប្រកបដោយស្ថាបនាពីសមាជិកសមាជិកានៃកិច្ចប្រជុំ ដោយផ្ដោតសំខាន់ទៅលើការអនុវត្តអនុសាសន៍របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងងរបៀបក្នុងការរៀបចំជារបាយការណ៍ឆ្លើយតបនឹងអនុសាសន៍នីមួយៗឱ្យមានប្រសិទ្ធភាពនិងចំគោលដៅ។
ថ្លែងបិទកិច្ចប្រជុំ ឯកឧត្តម អ៊ិត រ៉ាឌី បានថ្លែងអំណរគុណដល់ OHCHR ដែលបានសហការយ៉ាងល្អជាមួយ គ.ស.ម.ក. ក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ហើយឯកឧត្តមក៏មានជំនឿថា ស្ថាប័នទាំងពីរនឹងបន្ដកិច្ចសហការល្អនេះបន្តទៀតសំដៅរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាលំដាប់។ ទន្ទឹមនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់និងសម្ដែងនូវការកោតសរសើរដល់សមាជិកសមាជិកនៃកិច្ចប្រជុំ ដែលបានយកចិត្តទុកដាក់ស្ដាប់និងចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងចង់រួមចំណែកក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលធ្វើឱ្យកិច្ចប្រជុំនេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ៕










