ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ នៅខេត្តព្រះសីហនុ ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងកិច្ចសហការពីរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងសាលាដំបូងខេត្តព្រះសីហនុ អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណជាង ៣០០នាក់។
សិក្ខាសាលានេះ មានគោលបំណងបង្កើនការយល់ដឹងអំពីយន្តការ UPR ខ្លឹមសារនៃរបាយការណ៍ UPR និងអនុសាសន៍ ដែលកម្ពុជាបានទទួលយកសម្រាប់អនុវត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនិងគ្រប់កម្រិត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងការលើកតម្កើងកិត្យានុភាពជាតិ នៃវិស័យសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមវន្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាឈានមុខគេក្នុងតំបន់ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដោយបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម ៩ និងពិធីសារបន្ថែមចំនួន៤ បានអនុញ្ញតឱ្យមានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហាមមិនឱ្យមានទោសប្រហារជីវិត ដែលជាការលើកកម្ពស់សិទ្ធិរស់រានមានជីវិត។ ទន្ទឹមនេះ ប្រទេសកម្ពុជាតែងតែមានសុខដុមនីយកម្មលើសាសនា ដែលឆ្លុះបញ្ចាំងពីសេរីភាពជំនឿសាសនា។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីការលើកកម្ពស់ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ដោយនៅប្រទេសកម្ពុជាមិនមានការដាក់ទោសទណ្ឌសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាទេ ដោយរាជរដ្ឋាភិបាលនឹងមិនទុកនរណាម្នាក់ចោល ឬផាត់ចេញក្រៅសង្គមឡើយ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែយកចិត្តទុកដាក់ជំរុញនិងលើកកម្ពស់ឱ្យមានការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យ ព្រមទាំងលើកទឹកចិត្តឱ្យស្រ្តីទាំងអស់បន្តខិតខំប្រឹងប្រែងកសាងនិងដុសខាត់សមត្ថភាពរបស់ខ្លួន ដើម្បីបង្ហាញថាស្រ្តីក៏មានសមត្ថភាពដូចនឹងបុរសផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានធ្វើការវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលបានបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក៏ដូចជាការកើនឡើងជីវភាពរបស់ប្រជាពលរដ្ឋគិតជាមធ្យមជាង ៤០,០០០រៀលក្នុងមួយថ្ងៃ ក្រោមការដឹកនាំ និងគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាល។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំដំណើរការសិក្ខាសាលាដោយរលួន និងមានការចូលរួមយ៉ាងសកម្ម ព្រមទាំងអំពាវនាវឱ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យលើអនុសាសន៍ដែលពាក់ព័ន្ធនឹងកិច្ចការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណាចូលរួមក្នុងការអនុវត្តឱ្យបានល្អថែមទៀត៕
















